មានមនុស្សជាច្រើនបានសម្រេចចិត្តបង្កើតទំនាក់ទំនង និង ឈានដល់ដំណាក់កាលរស់នៅជាមួយគ្នា ក្រោយពេលបានស្វែងយល់អំពីលក្ខណៈពិសេសពីគ្នាទៅវិញទៅមក ជាមួយនឹងក្តីរំពឹងថា នឹងអាចផ្តល់សេចក្ដីសុខឲ្យគ្នាបាន។ ប៉ុន្តែយ៉ាងណាក៏ដោយ មានមនុស្សមិនតិចនោះទេ បានសម្រេចចិត្តចែកផ្លូវគ្នារស់នៅ ដោយសារតែមានបញ្ហាមួយចំនួនដែលមិនអាចដោះស្រាយបាន។ ខាងក្រោមនេះ គឺជា ចំណុចសំខាន់ៗដែលនាំឲ្យមានការចែកផ្លូវគ្នាជាញឹកញាប់៖
១) ឆាប់ទទួលយកសេចក្តីស្រលាញ់លឿនពេក
សេចក្តីស្រលាញ់គឺជា រឿងដែលហាមឃាត់មិនបាន ព្រោះ វាអាស្រ័យលើអារម្មណ៍របស់អ្នកជាមួយនឹងនរណាម្នាក់។ មនុស្សភាគច្រើននៅពេលដែលជួបមនុស្សណាម្នាក់ ហើយមានអារម្មណ៍ថាពេញចិត្តនោះ ក៏ឆាប់ទទួលយក ឬ បង្កើតសេចក្តីស្រលាញ់ភ្លាមៗតែម្តង។ ប៉ុន្តែប្រការនេះ មិនមែនជាចំណុចល្អប៉ុន្មានទេ ថ្វីបើអ្នកចូលចិត្តក៏ដោយ ព្រោះមានបញ្ហាជាច្រើនអាចកើតឡើងនៅពេលខាងមុខ ដែលមិនអាចដឹងបាន ។ ដោយសារតែបែបនេះ បានជាមនុស្សជាច្រើនបានសម្រេចចិត្តចែកផ្លូវគ្នាដើរ ដោយសារតែការឆាប់ទទួលយកសេចក្តីស្រលាញ់លឿនពេក ជាហេតុធ្វើឲ្យពួកគេមិនអាចស្វែងយល់ពីគ្នាឲ្យបានគ្រប់គ្រាន់ ឬ អាចនិយាយបានថា «បានដោយងាយ ទៅវិញក៏ងាយដែរ»។
២) មិនបានបញ្ជាក់អំពីសេចក្តីស្រលាញ់ឲ្យមុតមាំ
ថ្វីត្បិតតែអ្នកខ្លះបានសម្រេចចិត្តទទួលយកទំនាក់ទំនងជាមួយគ្នា ក៏ដោយ ប៉ុន្តែ អ្វីៗនឹងរលាយបាត់ទៅវិញ ប្រសិនបើភាគីណាមួយ មិនបានបន្តបង្ហាញអំពីសេចក្តីស្រលាញ់របស់ខ្លួនឲ្យខ្លាំងក្លា ចំពោះដៃគូរបស់ខ្លួន។ ដូចដែលបានដឹងហើយថា ទំនាក់ទំនងល្អមិនអាចកើតឡើងដោយសារតែ ការប្រឹងប្រែងពីមនុស្សម្នាក់បានឡើយ ពោលគឺទាល់តែមានការចូលរួមទាំងអស់គ្នា។ ការមិនបានបញ្ជាក់អំពីសេចក្តីស្រលាញ់ឲ្យមុតមាំ គឺតែងកើតឡើងជាញឹកញាប់ ដោយសារតែ អ្នកខ្លះរវល់ខ្លាំងជាមួយការសិក្សា ការងារ ឬ អាចមកពីមានចេតនាចង់បញ្ចប់។
៣) ខ្វះភាពស្មោះត្រង់
មនុស្សណាក៏ដោយ អាចរស់នៅជាមួយគ្នាបានយូរអង្វែងទាល់តែអ្នកទាំងនោះ មានភាពស្មោះត្រង់ជាមួយគ្នាទៅវិញទៅមក។ គ្មាននរណាម្នាក់អាចរស់នៅជាមួយការកុហកបោកប្រាស់បាននោះឡើយ ដូច្នេះហើយ បានជាមានការចែកផ្លូវគ្នាជាច្រើន ដោយសារតែ គ្មានភាពស្មោះត្រង់ជាមួយគ្នា។
៤) គ្មានការអធ្យាស្រ័យ
ការអធ្យាស្រ័យ គឺជារឿងដ៏សំខាន់បំផុតក្នុងជីវិតរស់នៅប្រចាំថ្ងៃត្បិតអីគ្មាន នរណាម្នាក់ អាចធ្វើរឿងល្អគ្រប់យ៉ាងនោះទេ ពោលគឺរមែងមានបញ្ហាកើតឡើង ឬ មានកំហុស។ ដោយសារតែបែបនេះហើយ ដើម្បីរក្សាទំនាក់ទំនងឲ្យបានយូរអង្វែងត្រូវទាមទារឲ្យ មានការអធ្យាស្រ័យគ្នាទៅវិញទៅមក ដោយផ្អែកលើ ហេតុផល និង ស្ថានភាពជាក់ស្តែង។ ប៉ុន្តែដោយសារតែ គ្មានការអធ្យាស្រ័យគ្នាបានជា មនុស្សជាច្រើនបានដើរដល់ផ្លូវបំបែក ដែលមិនអាចដោះស្រាយបាន។
៥) ខ្វះការជឿជាក់
គ្មានទំនាក់ទំនងណាមួយអាចរក្សាបានយូរអង្វែងបានឡើយ ប្រសិនបើខ្វះការជឿជាក់។ មានមនុស្សជាច្រើន តែងមានការសង្ស័យពីនេះពីនោះក្នុងទំនាក់ទំនងរបស់ខ្លួន ដែលប្រការនេះនាំឲ្យ មានភាពរកាំរកូសមិនចេះចប់មិនចេះហើយ។ នៅទីបញ្ចប់ ទំនាក់ទំនងនោះគឺមិនអាចបន្តដំណើរទៀតឡើយ ហើយដើរដល់ផ្លូវបញ្ចប់៕
ប្រែសម្រួល៖ រស្មី
ប្រភព៖ lifehack.org
Post a Comment