គណៈកម្មការទីផ្សារមូលបត្រអាមេរិកបានប្រកាសបង្កកទ្រព្យសកម្ម ជាងមួយពាន់លានដុល្លារអាមេរិករបស់ក្រុមហ៊ុននេះ កាលពីពាក់កណ្ដាលខែមេសាកន្លងទៅ។
TelexFree ដែលជាក្រុមហ៊ុនផ្គត់ផ្គង់សេវាទូរស័ព្ទតាមបណ្ដាញអ៊ីនធឺណិត (Internet Telephone-service company) ទើបនឹងបែកធ្លាយរឿងរ៉ាវដែលតុលាការអាមេរិកប្រកាសថា ជាអំពើបោកប្រាស់កាលពីខែមេសា។
មិនមែនតែប្រជាជនអាមេរិកនោះទេដែលបានលេងល្បែងដែលភាសា សេដ្ឋកិច្ចហៅថា វិនិយោគ ជាមួយ TelexFree ប្រជាជនកម្ពុជាមួយចំនួនតូច និងបណ្ដាប្រទេសជាច្រើនទៀត ក៏បានដាក់ទុកវិនិយោគជាមួយក្រុមហ៊ុននេះមិនតិចដែរ។
គ្រាន់តែនៅ Massachusetts មានអ្នកវិនិយោគរាប់ពាន់នាក់ ហើយក្រុមហ៊ុននេះបានស្រូបយកទឹកប្រាក់ជាង ៩០លានដុល្លារ។ បើសរុបនៅទូទាំងសហរដ្ឋអាមេរិកប្រហែល ៣០០លានដុល្លារ។ គិតទូទាំងពិភពលោក ក្រុមហ៊ុននេះទទួលបានជាង ១ពាន់លានដុល្លារឯណោះ។
ក្រោយពីមានការស៊ើបអង្កេតនៅអាមេរិក គេដឹងថា លុយវិនិយោគដែលទទួលបានពីប្រជាជននៅអាមេរិកជាង ៣០០ លានដុល្លារ គឺបានហូរចូលទៅក្នុងគណនី TelexFree ជាយូរមកហើយ មិនមែន ១០ខែក្រោយពីប្រកាសបិទនៅប្រទេសប្រេស៊ីលនោះទេ។
TelexFree ជាក្រុមហ៊ុនមេដែលមានមានក្រុមហ៊ុនតូចៗជាច្រើននៅចំណុះ។ បុគ្គលិកជាន់ខ្ពស់របស់ក្រុមហ៊ុននេះចំនួនបី ៨នាក់ទទួលរងការចោទប្រកាន់ និងនឹងប្រឈមមុខច្បាប់។ ម្នាក់ៗត្រូវបានតុលាការចោទប្រកាន់ថា បានរំលោភច្បាប់មូលប័ត្រសហព័ន្ធ។
ក្រុមហ៊ុននេះបោកប្រាស់ដូចម្ដេចទៅ?
យោងទៅតាមការប្រកាសរបស់តុលាការ TelexFree បានផ្សាយពាណិជ្ជកម្ម និងប្រកាសខ្លួនឯងថាជាក្រុមហ៊ុនបណ្ដាញទូរស័ព្ទតាមខ្សែ ដោយបានលក់ឱ្យអតិថិជនទិញកម្មវិធី VoIP (voice over internet protocol) ឈ្មោះថា 99TelexFREE។
បន្ថែមពីលើនេះ ក្រុមហ៊ុនមានកម្មវិធីដែលក្រុមហ៊ុននេះអះអាងថា បង្កើនប្រាក់ចំណូលមានពីរទម្រង់គឺទំហំវិនិយោគ ២៨៩ដុល្លារ និង ១៣៧៥ដុល្លារ។ អ្នកលេងត្រូវវិនិយោគតាមរយៈ Credit Card (បង្កើតគណនីនៅធនាគារដោយមានតម្កល់សាច់ប្រាក់) នូវទំហំវិនិយោគខាងលើបូករួមទាំងថ្លៃសេវាកម្ម ៥០ដុល្លារទៀត។
អ្នកជ្រើសរើសយកទំហំ ២៨៩ដុល្លារទទួលបានកញ្ចប់ផ្សាយពាណិជ្ជកម្ម (advertisement kit) ម្ដងនិង ១០ VoIP ខណៈទំហំ ១៣៧៥ ដុល្លារ អ្នកទិញទទួលបាន កញ្ចប់ផ្សាយពាណិជ្ជកម្ម ៥ដង និង ៥០ VoIP។ អ្នកលេងត្រូវចូលទៅគេហទំព័រ TelexFree ដើម្បីផ្សាយពាណិជ្ជកម្មតាមចំនួនដែលខ្លួនទិញនៅលើវិបសាយខាងលើ។ ចំពោះប្រភេទទំហំតូច គឺត្រូវផ្សាយពាណិជ្ជកម្មម្ដង និងធំផ្សាយ ៥ដងក្នុងមួយថ្ងៃ។
សូមបញ្ជាក់ថា អ្នកលេងទាំងអស់ត្រូវបង់ប្រាក់ជាមុនទើបមានគណនីនៅក្នុងគេហទំព័រ TelexFree។
មូលហេតុអ្វីបានជាមនុស្សជាច្រើនបោះលុយខ្ទង់ពាន់ដុល្លារនៅក្រុមហ៊ុននេះ?
ពីព្រោះគេសង្ឃឹមថានឹងទទួលបានប្រាក់ចំណូលជាច្រើនដែលអាចដកជា សាច់ប្រាក់ ឬទុកវិនិយោគបន្ត។ ជាទូទៅ ការងារផ្សាយពាណិជ្ជកម្មនៅលើគេហទំព័រ TelexFree ត្រូវធ្វើជាប្រចាំតាមចំនួនដែលអ្នកលេងបានទិញកញ្ចប់វិនិយោគ ឱ្យបានគ្រប់ ១ខែ ទើប TelexFree ផ្ដល់ប្រាក់ខែមកវិញ។ បើអ្នកទិញកញ្ចប់តូច (២៨៩ដុល្លារ) នឹងទទួលបានមកវិញ ២០ដុល្លារ ក្នុង ១សប្ដាហ៍ (៨០ដុល្លារក្នុងមួយខែ) ហើយក្នុងមួយឆ្នាំចំណូលប្រចាំឆ្នាំគឺកើន ២០៧%។
ដោយឡែក ចំពោះអ្នកទិញទំហំវិនិយោគ ១៣៧៥ដុល្លារ នឹងទទួលបាន ១០០ដុល្លារក្នុងមួយសប្ដាហ៍ ឬ៤០០ដុល្លារ ក្នុង ១ខែ និងក្នុងមួយឆ្នាំប្រាក់ចំណូលទទួលបានកើន ២៦៥%។
សម្រាប់អ្នកលេងទំហំធំ TelexFree នឹងបង្វិលទឹកប្រាក់ ៤០០ដុល្លារ រាល់ខែ ។ ចំពោះអ្នកលេងជ្រើសរើសទំហំតូច ទឹកប្រាក់ ៨០ដុល្លារមិនអាចទទួលបានរាល់ខែនោះ គឺត្រូវសន្សំឱ្យគ្រប់ ៣០០ដុល្លារ ទើបក្រុមហ៊ុនបង្វិលចូលក្នុងគណនីរបស់អ្នកលេង។
អ្នកលេងភាគច្រើន បានសម្រេចជ្រើសរើសយកទំហំធំ (ជាង ១ពាន់ដុល្លារ) ព្រោះថាអាចចំណេញបានច្រើនជាងព្រោះថា ហើយទទួលបានប្រាក់រាល់ខែទៀត។ មិនត្រឹមតែប៉ុណ្ណោះ មានអ្នកខ្លះដែលលេងបានពីរបីខែ បានទទួលលុយរាល់ខែ គេបានបង្កើតគណនីបួនប្រាំ និងខ្លះច្រើនជាង ១០ដោយសង្ឃឹមថានឹងចំណេញបានកប់ក្ដោង។
ការចាប់ខ្លួនបុគ្គលិកជាន់ខ្ពស់ក្រុមហ៊ុន TelexFree
មន្ត្រីសហរដ្ឋអាមេរិក បានសហការជាមួយប៉ូលិស FBI ធ្វើការស៊ើបអង្កេត និងការពារ ក្រុមហ៊ុន TelexFREE នៅរដ្ឋ Nevada ដែលបានប្រកាសថាក្ស័យធន បន្ទាប់ពីក្រុមហ៊ុន នេះប្រមូលប្រាក់ របស់អតិថិជន ទូទាំងពិភពលោក បាន ១,១ ពាន់លានដុល្លារ។ ក្រោយពីស៊ើបអង្កេត ទើបរកឃើញថាក្រុមហ៊ុននេះបោកប្រាក់អតិថិជននៅអាមេរិក និងនៅជុំវិញពិភពលោក ហើយឈានដល់ការបង្កទ្រព្យសកម្មទាំងអស់របស់ក្រុមហ៊ុននេះ។
សូមបញ្ជាក់ថា ក្រុមហ៊ុននេះគ្មានការិយាល័យធំនោះទេ ពោលគឺមានតែការិយាល័យតូចមួយបើកនៅទីក្រុង Marlborough នៃរដ្ឋ Massachusetts សហរដ្ឋអាមេរិកដោយធ្វើប្រតិបត្តិការនៅស្ទើរតែគ្រប់ប្រទេសក្នុង ពិភពលោក៕
ប្រែសម្រួល៖ ឆ្មាខ្មៅ
ប្រភព៖ អន្តរជាតិ
Post a Comment