BREAKING NEWS
the khmer news online

ព័ត៌មានសេដ្ឋកិច្ច

ព័ត៌មានពិភពលោក

a

Saturday, January 10, 2015

​អ្នក​ជំនាញ​អចលនទ្រព្យ​៖​អ្នក​វិនិយោគទុន​​គួរ​ទិញ​ដី​ទុក​​​នៅ​តាម​តំបន់​​នៅ​ខេត្ត​​​​​​មួ​យចំនួន​ ខណៈ​គម្រោង​ស្ថាបនា​​​ស្ពាន​​​​​នា​ឆ្នាំ​២០១៥​​​​ ចាប់​ផ្ដើម​អភិវឌ្ឍន៍​​ជា​បន្ត​បន្ទាប់​

អ្នក​ជំនាញ​អចលនទ្រព្យ​លើក​ឡើង​ថា ​អ្នក​វិនិយោគ​ទុន​​គួរ​តែ​ទិញ​ដី​ទុក​​សម្រាប់​​ការ​វិនិយោគ​​របស់​ខ្លួន​ ខណៈ​ដែល​គម្រោង​កសាង​ស្ពាន​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា​​​ចំនួន​​ ៦​ ត្រូវ​បាន​កំណត់​ការ​សាង​សង់​ចាប់​ពី​​ឆ្នាំ​២០១៥ ​ដល់​ ២០១៨​​ ដែល​​គ្រោង​​​ប្រគល់​សិទ្ធិ​ទៅ​ឱ្យ​ក្រុម​ហ៊ុន​ចិន​ជា​អ្នក​​ទទួល​បន្ទុក​ សាង​សង់​។

នាយក​ក្រុមហ៊ុន ​Khmer Real Estate ​លោក គីម​ ហ៊ាង ឱ្យ​ ​TheBNEWS​ ដឹង​នៅ​ព្រឹក​នេះ​ថា ​​ការ​ត​ភ្ជាប់​​បណ្ដាញ​ផ្លូវ​​​និង​ស្ពាន​ធ្វើ​ដំណើរ​ឆ្លង​កាត់​ពី​ខេត្ត​ មួយ​ទៅ​ខេត្ត​មួយ​ទៀត​វា​​រឹត​តែ​ធ្វើ​ឱ្យ​​ដី​នៅ​តំបន់​នោះ​មាន​តម្លៃ​កាន់ ​តែ​ថ្លៃ​ ព្រោះ​វា​ផ្ដល់​ភាព​ងាយ​ស្រួល​​ក្នុង​ការ​ដឹក​ជញ្ជូន​របស់​ក្រុម​ហ៊ុន​ផ្សេង ​ៗ​ដែល​ទៅ​វិនិយោគ​នៅ​តំបន់​នោះ​ ។​


លោក​មាន​ប្រសាសន៍​ថា​៖«សម្រាប់​អ្នក​ដែល​មាន​លុយ​គួរ​តែ​ទិញ​ពី​ឥឡូវ​ បណ្ដើរ​ទៅ​ទម្រាំ​តែ​គាត់​ធ្វើ​ហើយ​ អាហ្នឹង​ យើង​ចំណេញ​លើ​គោក​ទៀត​ហើយ​ ស្ពាន​ហ្នឹង​ជា​រឿង​មួយ​ដែល​ធ្វើ​ឱ្យ​ដី​ឡើង​ថ្លៃ​ ប្រសើរ​បើ​អ្នក​វិនិយោគ​គេ​ទិញ​ទុក​ពី​ឥឡូវ​ទៅ​ » ។​

​កាល​ពី​ពេល​ថ្មី​ៗ​នេះ​ក្រសួង​សាធារណ​ការ និង​ក្រសួង​សេដ្ឋកិច្ច​ បាន​ឯកភាព​គ្នា​ទៅ​លើ​គម្រោង​ ​អភិវឌ្ឍន៍​​ស្ពាន​ឆ្លង​កាត់​ទន្លេ​ចំនួន​៦​ បន្ថែម​​ទៀត​ដោយ​ការ​សាង​សង់​​នឹង​កំណត់​​ចាប់​ផ្ដើម​​​ក្នុង​ឆ្នាំ ២០១៥ នេះ​រហូត​ដល់​ឆ្នាំ​ ២០១៨​ ។ ​​​​​​​

​ស្ពាន​ឆ្លង​កាត់​ទន្លេ​ទាំង​ ៦ ​ដែល​រាជរដ្ឋាភិបាល​គ្រោង​នឹង​ធ្វើ​ការ​សាងសង់​នោះ​ រួមមាន​ទី១​ស្ពាន​ភ្ជាប់​​ពី​ខេត្ត​ក្រចេះ​ទៅ​កាន់​ទី​ប្រជុំ​ជន​កំពង់ថ្ម​​ ខេត្ត​កំពង់ធំ​ប្រវែង​ ១៦៥០​ ម៉ែត្រ​ ទី២ គឺ​ត​ភ្ជាប់​ពី​ខេត្ត​ត្បូង​ឃ្មុំ​ ទៅ​ខេត្ត​កំពង់ចាម​ចម្ងាយ​ជាង​ ១០០០​ម៉ែត្រ ទី៣​ស្ពាន​ភ្ជាប់​ពី​ខេត្តកំពង់ឆ្នាំង​ត្រង់​ចំណុច​កំពង់​លែង ទៅ​ខេត្តកំពង់ធំ​ ដែល​​មាន​ចម្ងាយ​ ៣៨០០ម៉ែត្រ​ ​។

គម្រោង​ទី​៤​ ស្ពាន​ឆ្លងកាត់​ទន្លេ​បាសាក់​ ត្រង់​ចំណុច​ស្រុក​ស្អាង​ ឆ្ពោះ​ទៅ​ត្រើយ​ខាង​កើត​ ទី៥​ស្ពាន​ឆ្លង​ទន្លេ​មេគង្គ​លើ​​តភ្ជាប់​ពី​តំបន់​ជ្រោយ​ចង្វារ​ ឆ្ពោះ​ទៅ​តំបន់​ស្វាយ​ជ្រុំ​ និង​​​ទី៦​ស្ពាន​ឆ្លង​កាត់​ទន្លេ​មេគង្គ​ក្រោម​ចំណុច​ព្រែកឯង​ ឆ្ពោះ​ទៅ​ស្រុក​ល្វាឯម​​ខេត្ត​កណ្តាល​ ដែល​មាន​ប្រវែង​ជាង​ ២០០០​ម៉ែត្រ​ ។


​​ទាក់​ទង​ទៅ​នឹង​គម្រោង​សាង​សង់​ស្ពាន​នៅ​តាម​បណ្ដា​ខេត្ត​នេះ​ លោក​ គីម​ ហ៊ាង​ ក៏​បាន​ក្រើន​រំលឹក​ទៅ​ដល់​អ្នក​វិនិយោគ​គួរ​ទិញ​ដី​នៅ​​តាម​ទីប្រជុំ​ ។ លោក​ថ្លែង​ដូច្នេះ​ថា​ ៖«​​ទំលាប់​ប្រជា​ជន​មិន​ថា​ខ្មែរ​ទេ​គឺ​ទាំង​ អាស៊ី​ មាន​តែ​អ្នក​ខេត្ត​ចូល​ក្រុង​មិន​អាច​អ្នក​ក្រុង​ទៅ​ខេត្ត​ទេ​ ដូច្នេះ​ចម្ងាយ​ដី​ពី​២០​ទៅ​៣០​គីឡូ​ម៉ែ​ត្រ​ពី​ភ្នំពេញ​គួរ​សាក​ល្បង​ វិនិយោគ​ ចំណែក​នៅ​តាម​បណ្ដា​ខេត្ត​មាន​តែ​ទីប្រជុំ​ជន​​ដែល​មាន​​រោង​ចក្រ​ច្រើន​ទេ​ ដែល​អាច​ធ្វើ​ឱ្យ​ដី​ឡើង​ថ្លៃ​បាន​»។​

​សូម​បញ្ជាក់​ថា​​នៅ​ពេល​គម្រោង​សាង​សង់​ស្ពាន​ឆ្លង​កាត់​ដៃ​ទន្លេសាប​ដែល​ តភ្ជាប់​ពី​ខេត្តកំពង់ឆ្នាំង​ទៅ​ខេត្តកំពង់ធំ​ ​ទទួល​បាន​ជោគ​ជ័យ​ ស្ពាន​ដែល​មាន​ប្រវែង​​៣៨០០ម៉ែត្រ​នេះ​ ​នឹង​ក្លាយ​ជា​ស្ពាន​វែង​​ជាង​គេ​បង្អស់​នៅ​កម្ពុជា​៕​ ​

អត្ថបទ ៖ ចាន់ សុខ នាង

Post a Comment

 
Copyright © 2013 The Khmer News Online
The News in Cambodia.