សត្វជ្រូក គឺជាសត្វពេញនិយមបំផុតសម្រាប់ចិញ្ចឹម និង សម្រាប់ធ្វើម្ហូបនៅក្នុងជីវភាពប្រចាំថ្ងៃរបស់ប្រជាជនចិន។ តាមប្រវត្តិសាស្ត្រ ការចិញ្ចឹមជ្រូកយកសាច់ កើតមានតាំងពី ៤ ៩០០ ឆ្នាំមុនគ្រិស្តសករាជមកម្ល៉េះ ហើយកាលពីឆ្នាំ ២០១២ កន្លងទៅនេះ គេបានរកឃើញថា ការផ្គត់ផ្គង់សាច់ជ្រូកនៅលើទីផ្សារក្នុងស្រុកចិន គឺមានប្រមាណ ៥២ លានតោន។
២) កីឡា
តាមពិតទៅ នៅពេលកន្លងមកចិនមិនមែនជាប្រទេសមួយដែលជោគជ័យខ្លាំងលើវិស័យ បាល់ទាត់ និង កីឡាផ្សេងៗទៀតដូចបណ្តាប្រទេសលោកខាងលិចនោះឡើយ។ ទោះបីជាបែបនេះក្តី រយៈពេលមួយទសវត្សចុងក្រោយនេះ ចិនបានខិតខំអភិវឌ្ឍវិស័យកីឡាកររបស់ខ្លួនដើម្បីឈានឆ្ពោះទៅកាន់ ម្ចាស់ពានរង្វាន់ព្រឹត្តិការណ៍កីឡាធំៗអន្តរជាតិ ដូចជា ព្រឹត្តិការណ៍កីឡាអូឡាំពិក និង ព្រឹត្តិការណ៍ World Cupជាដើម។ តួយ៉ាងព្រឹត្តិការណ៍កីឡាអូឡាំពិកឆ្នាំ ២០០៨ ដែលបានរៀបចំលើទឹកដីរបស់ខ្លួន កីឡាករចិនបានទទួលមេដាយមាសច្រើនជាងប្រជាជាតិណាៗទាំងអស់។
៣) ជំនឿ
ថ្វីត្បិតនៅពេលបច្ចុប្បន្ន ចិនកំពុងអភិវឌ្ឍខ្លួនក្លាយទៅជាមហាអំណាចមួយមានសេដ្ឋកិច្ចជឿនលឿន តែជំនឿតាមទំនៀមទម្លាប់ប្រពៃណី នៅតែចាក់ឫសគល់យ៉ាងជ្រៅក្នុងផ្នត់គំនិតប្រជាជនចិន។ ជំនឿលើសាសនា ហុងស៊ុយ លើករាសី ការរកស៊ី សង់ផ្ទះ ចូលឆ្នាំ ពិធីប្រពៃណីតូចធំរាប់មិនអស់ នៅតែកើតមានយ៉ាងព្រោងព្រាតមិនថា អ្នកក្រុង ឬ អ្នកស្រែនោះទេ។
៤) ឯកសារបុរាណ
ដូចមាននៅក្នុងភាពយន្ត ចិនសម័យបុរាណមានរាជវង្សសោយរាជ្យរាប់ពាន់ឆ្នាំមុនគ្រិស្តសករាជ ក្នុងការគ្រប់គ្រងលើទឹកដីដែលមានប្រជាជនយ៉ាងច្រើនមហិមានេះ។ លក្ខណៈពិសេសរបស់ប្រវត្តិសាស្ត្រចិនគឺថា ឯកសារសម័យបុរាណមានច្រើនជាងបណ្តាបណ្តាប្រទេសណាៗទាំងអស់ដែលបាន បន្សល់ទុករហូតមកដល់សព្វថ្ងៃនេះទាំងសំណេរលើសិលាចារឹក ទាំងសំណេរលើក្រដាសជាដើមដែលភាគច្រើនរៀបរៀបពីប្រវត្តិសាស្ត្រ ខ្លួន ក្បូនវិជ្ជាគុណ ក្បូនពេទ្យ យុទ្ធសាស្ត្រសង្គ្រាមពីមេដឹកនាំល្បីៗ និង ទស្សនវិជ្ជាពីអ្នកប្រាជ្ញល្បីៗរាប់មិនអស់។
៥) ការចម្លងពីគេ
ចិនបានជាប់ចំណាត់ថ្នាក់ទី១ រឿងចម្លងពីអ្នកដទៃនេះឯង។ បើលោកអ្នកគ្មានលទ្ធភាពទិញ iPhone 6 Pluse របស់ក្រុមហ៊ុន Apple ដែលលក់ក្នុងតម្លៃ ២ ៤០០ដុល្លារនៅក្នុងទីផ្សារចិននោះ លោកអ្នកអាចចំណាយត្រឹមតែ ២ ទៅ ៧៥ ដុល្លារប៉ុណ្ណោះលើ iPhone 6 Plus របស់ចិនមួយគ្រឿងដែលមានរូបរាងដូចគ្នាបេះបិទ។ នេះមិនទាន់រាប់បញ្ចូលការថតចម្លងសម្ភារៈផ្សេងៗទៀតដូចជា សម្ភារៈអគ្គិសនីជាដើម ដែលចិនអាចធ្វើបានដូចក្រុមហ៊ុនដើមតែម្តង លើកលែងតែគុណភាពតែប៉ុណ្ណោះ។
៦) សាងសង់អាគារដោយប្រើពេលខ្លី
នេះជាចំណាត់ថ្នាក់ផុតលេខមួយទៀតរបស់ចិនដែលគេបានទទួលស្គាល់ថា វិស្វករចិនអាចសាងសង់អគារផ្សេងៗ ដោយប្រើពេលខ្លីបំផុត និង មានលក្ខណៈទាក់ទាញទៀតផង។ គេនៅចាំបានថា កាលពីឆ្នាំមុន ក្រុមវិស្វករចិនបានសង់សណ្ឋាគារមួយដែលមានកម្ពស់ ៣០ ជាន់ស្ថិតនៅក្នុងខេត្ត Hunan ដោយប្រើពេលត្រឹមតែ ១៥ ថ្ងៃតែប៉ុណ្ណោះជាមួយតម្លៃនៃការចំណាយ ១៧ លានដុល្លារ។ ការសង់អគារយ៉ាងឆាប់រហ័សលឿនដូចផ្លេកបន្ទោរនេះ កំពុងក្លាយជាគោលដៅដ៏សំខាន់សម្រាប់រដ្ឋាភិបាលចិនដើម្បីអភិវឌ្ឍ សំណង់អគារក្នុងទីក្រុងដោយមិនប្រើពេលយូរឆ្នាំ និង មានគុណភាពស្របតាមស្តង់ដារអន្តរជាតិ។
៧) តែ
ប្រិយមិត្តពិតជាបានដឹងហើយថា ក្នុងជីវភាពរស់នៅប្រចាំថ្ងៃប្រជាជនចិនកម្រភ្លេចក្រេបរសជាតិតែ របស់ខ្លួនណាស់។ ហេតុដូច្នេះហើយ បានជាគេសង្កេតឃើញថា ដំណាំតែរបស់ចិនឈានមុខគេលើប្រទេសណាៗទាំងអស់។ ប្រជាជនចិនពេញនិយមផឹកតែណាស់ ដោយហេតុថា វាប្រៀបបានជាឱសថពិសេសមួយជួយព្យាបាលរោគាផ្សេងៗ បង្កើនទំនាក់ទំនង និង ជួយបន្ធូរអារម្មណ៍តានតឹង រួមទាំងភាពនឿយហត់របស់ពួកគេទៀតផងដែលបានក្លាយទៅជាទំនៀមទំលាប់ មិនអាចខ្វះបាន។
៨) ធ្វើដំណើរទៅកាន់តំបន់ខ្ពស់ៗ
បើក្រឡេកទៅកាន់ព្រំដែនភាគខាងត្បូងប្រទេសមានព្រំប្រទល់ជាប់នឹង ប្រទេសនេប៉ាល់ លោកអ្នកអាចធ្វើដំណើរមកកាន់ទីនេះដើម្បីឡើងភ្នំដ៏ខ្ពស់ ស្កឹមស្កៃ គឺភ្នំអឺរ័រេសដែលមានកម្ពស់ រហូតដល់ ៨ ៨៤៨ ម៉ែត្រដោយចំណាយពេលខ្លីបំផុត។ ប៉ុន្តែ បើចង់ទៅលេងកំពូលភ្នំ Tanggula នៅតំបន់ទីបេដែលមានកម្ពស់ ៥ គីឡូម៉ែត្រវិញនោះ លោកអ្នកអាចធ្វើដំណើរដោយរយៈពេលខ្លីតាមខ្សែរថភ្លើងខ្ពស់បំផុត Qinghai។ ក្រៅពីនេះ ចិននៅមានកន្លែងកម្សាន្តខ្ពស់ៗជាច្រើនទៀតដែលអាចនាំរថយន្ត រថភ្លើង អាកាសយានដ្ឋានទៅដល់កំពូលភ្នំតែម្តង ដូចជាអាកាសយានដ្ឋាន Daocheng Yading នៅ ខេត្ត Sichuan មានកម្ពស់ជាង ៤ គីឡូម៉ែត្រ និង នៅតំបន់ទីបេដែលមានកម្ពស់ជិត ៤,៥ គីឡូម៉ែត្រជាដើម។
៩) នំប៉ាវ
ងាកមកមើលអាហារពេញនិយមមួយទៀតដែលល្បីឈ្មោះក្នុងសង្គមចិនតាំង ពីយូរលង់ណាស់មកហើយ នោះគឺនំបាវ។ នៅពេលដែលលោកអ្នកចង់ពិសារអាហារមុខម្ហូបនៅក្នុងកម្មវិធីផ្សេងៗ បញ្ជីមុខម្ហូប ឬ អាហារមិនមានរំលងនំប៉ាវនោះឡើយ។ វាបានបង្ហាញពីភាពវិសេសវិសាលនៃអត្តសញ្ញាណរបស់ប្រជាជនចិន ជាពិសេសនៅពេលមានពិធីជួបជុំ ពិធីបុណ្យ ឬ ពិធីបុណ្យចូលឆ្នាំជាដើម ដែលតំណាងឲ្យភាពសុខក្សេមក្សាន្ត ក្តីសង្ឃឹម និង ភាពរុងរឿងរបស់ប្រជាជនខ្លួន។
១០) ការរៀបចំព្រឹត្តិការណ៍កីឡាអូឡាំពិក
ក្នុងនាមជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍កីឡាអូឡាំពិកពិភពលោកកាល ពីឆ្នាំ ២០០៨ ព្រឹត្តិការណ៍នេះមិនបានធ្វើឲ្យប្រជាជនចិនភ្លេចនោះឡើយ ត្បិតអីវាត្រូវបានរៀបចំឡើងអធិកអធមធំជាងគេបំផុតជា ប្រវត្តិសាស្ត្រមិនធ្លាប់មាននៅលើពិភពលោក។ ការរៀបចំបំពាក់ភ្លើងពណ៌ សិល្បៈនៃការតុបតែងឆាក អ្នករបាំអូបារ៉ា រួមទាំងអ្នកសម្ដែងរាប់ពាន់នាក់ផ្គុំគ្នាបង្កើតបានជាទិដ្ឋភាព តែមួយដ៏ទាក់ទាញនៅលើពហុកីឡាដ្ឋាន បានបង្កើតទស្សនីយភាពដ៏អស្ចារ្យមិនអាចប្រៀបប្រដូចបាន។ ការរៀបចំកម្មវិធីនេះបានយ៉ាងល្អឥតខ្ចោះ និង បញ្ចប់ទៅប្រកបដោយភាពជោគជ័យ គឺជាតឹកតាងបញ្ជាក់ថា ចិនពិតជាយក្សទើបនឹងក្រោកពីដេកយូរឆ្នាំ កំពុងបង្ហាញអនុភាពរបស់ខ្លួនឲ្យពិភពលោកបានដឹងហើយនៅ ពេលបច្ចុប្បន្ននេះ៕
ប្រែសម្រួល៖ ខេវិន
ប្រភព៖ CNN
Post a Comment