យ៉ាងណាមិញ មិត្តអ្នកអាននឹងភ្ញាក់ផ្អើលជាមួយកុមារាអាមេរិកម្នាក់ទៀតដែលមាន វ័យត្រឹមតែ ៨ ឆ្នាំមានគំនិតមិនធម្មតាចេះរកគន្លឹះជួយស្វែងរកលុយបាន ១,៣ លានដុល្លារក្នុងមួយឆ្នាំៗ ពីគេហទំព័រ YouTube។ តើកុមារាម្នាក់នេះជាអ្នកណា? អាចស្វែងរកប្រាក់ចំណូលដោយរបៀបណា?
កុមារាដែលប្រិយមិត្តចង់ដឹងនេះ មានឈ្មោះកាត់ថា Evan ជនជាតិអាមេរិក ដែលក្រុមគ្រួសាររបស់ខ្លួនចាត់ទុកថា ជាក្មេងដ៏ឆ្លាតវ័យម្នាក់ និង ចូលចិត្តធ្វើសកម្មភាពអ្វីៗប្លែក តែបាននាំមកនូវប្រាក់ចំណូលជូនដល់ឪពុកម្តាយរបស់របស់ខ្លួន ១,៣ លានដុល្លារក្នុងមួយឆ្នាំៗ។
តាមពិតទៅប្រាក់ដែលទទួលបាននេះកើតចេញពីគម្រោង និង សកម្មភាពសប្បាយៗថតជាវីដេអូ របស់ Evanជាមួយប្អូនស្រី ដូចជា សកម្មភាពលេងហ្គេម Angry Birds រួមទាំងសកម្មភាពប្លែកៗដ៏ទាក់ទាញជាច្រើនទៀតក្រោមការជ្រោមជ្រែង ពីឪពុកម្ដាយរបស់ខ្លួន។ វីដេអូរបស់ Evan ត្រូវបានយកទៅបង្ហោះលើគេហទំព័រ YouTube ដែលទូទាត់មកវិញនូវប្រាក់ចំណូលចំនួន ១,៣ លានដុល្លារនេះ។
តាមរយៈវីដេអូរបស់ Evan ដែលប្រិយមិត្តអាចចូលមើលនៅគេហទំព័រ YouTube គេបានរៀនសូត្រពីយុទ្ធសាស្ត្រជាច្រើនពីកុមារាម្នាក់នេះ។ ក្នុងបទសម្ភាសន៍មួយជាមួយសារព័ត៌មាន Newsweek ឪពុករបស់ Evan លោក Jaredបានលើកឡើងថា ការបង្ហោះវីដេអូនេះ មិនមែនចេះតែធ្វើទេ គឺត្រូវមានយុទ្ធសាស្ត្រច្បាស់លាស់ដូចអាជីវកម្មទូទៅដែរ។
«យើងមានក្រុមការងារផ្នែកលក់ជំនាញៗជាច្រើនសម្រាប់ផ្តល់ យុទ្ធសាស្ត្រធ្វើឲ្យវីដេអូទាំងនេះមើលទៅគួរឲ្យចាប់អារម្មណ៍ និង សហការជាមួយក្រុមហ៊ុននានាផ្សព្វផ្សាយពាណិជ្ជកម្មអមជាមួយវីដេអូ ទាំងនោះ។ ដូចអ្នកទាំងអស់គ្នាបានឃើញស្រាប់នៅលើវីដេអូ មាន Ads របស់ក្រុមហ៊ុនជាច្រើនដូចជា Google ដាក់នៅក្នុងវីដេអូទាំងនោះ ហើយប្រាក់ចំណូលដែលទទួលបានភាគច្រើនបានពីក្រុមហ៊ុនឧបត្ថម្ភ នេះឯង។ នេះជាប្រសាសន៍លោក Jared។
លោក Jared បានបន្តថា វីដេអូទាំងនេះមើលទៅហាក់ដូចជាសមញ្ញា តែការពិតវាត្រូវបានផលិតឡើងអស់ប្រាក់ច្រើនគួរសមដែរក្នុងវីដេអូ នីមួយៗ។ ប៉ុន្តែភាពច្នៃប្រឌិត និង ការសម្ដែងបានល្អរបស់ Evan បានធ្វើឲ្យវាកាន់តែទាក់ទាញក្លាយជាវីដេអូពេញនិយម មិនចេះរីងស្ងួតដែលអាចរកប្រាក់ចំណូលបានច្រើនគួរសម៕
សូមទស្សនាវីដេអូរបស់ Evan ខាងក្រោមនេះ!
ប្រែសម្រួល៖ ខេវិន
ប្រភព៖ Businessinsider
Post a Comment