ប្រហែលជាមានប្រិយមិត្ត មិត្តអ្នកអានមួយចំនួន មានចម្ងល់ពីទីផ្សារភាគហ៊ុន។ មិត្តអ្នកអាចអាចនឹងមានចម្ងល់ថា តើអ្វីទៅជាតម្រូវការនៃការបោះភាគហ៊ុននៅលើទីផ្សារ (ផ្សារភាគហ៊ុន) របស់ក្រុមហ៊ុនមួយ?
TheBNEWS សូមឧបមាដោយងាយៗថា អ្នកកំពុងតែបើកហាងលក់គ្រឿងអលង្ការមួយនៅក្នុងទីក្រុងទីក្រុង ភ្នំពេញ។ ស្រាប់តែអ្នកនឹកគិតចង់ពង្រីកមុខរបររបស់អ្នកនៅតាមទីក្រុង ផ្សេងៗទៀតនៅក្នុងប្រទេសកម្ពុជា។ ពេលនោះ អ្នកត្រូវការលុយចំនួន ១សែនដុល្លារដើម្បីបំពេញក្ដីសុបិននេះ។ ប៉ុន្តែជាអកុសលអ្នកគ្មានទុនដ៏ច្រើនបែបនេះឡើយ។ មានវិធីពីរយ៉ាងដើម្បីទទួលបានលុយចំនួន ១ សែនដុល្លារ។ ទីមួយគឺ ត្រូវខ្ចីបុលពីធនាគារ ឬសាច់ញាតិ និងទីពីរត្រូវរកអ្នកស្គាល់ឲ្យចូលរួមជាដៃគូនឹងអ្នក (ត្រឹមចំនួនពីរបីនាក់ ឬក៏ ១០នាក់) ។
ក៏ប៉ុន្តែ បើតាមទ្រឹស្ដីពាណិជ្ជកម្ម នៅក្នុងករណីទាំងពីរនេះខាងលើ អាចធ្វើឲ្យមុខរបរឬក្រុមហ៊ុនរបស់អ្នកជួបផលអាក្រក់កាន់តែ ខ្លាំង។ ជំនួសឲ្យការបញ្ចុះបញ្ចូលមនុស្ស ១០នាក់ឲ្យដាក់ទុនម្នាក់ៗចំនួន១ ម៉ឺនដុល្លារនោះ អ្នកអាចអញ្ជើញមនុស្ស ១០០០នាក់ឲ្យដាក់ទុនម្នាក់ៗ១០០ដុល្លារវិញក៏បាន។ ក្នុងករណីនេះ ហានិភ័យពាក់ព័ន្ធនឹងសហគ្រិននឹងមានកម្រិតទាបបំផុត។ តាមរយៈឧទាហរណ៍នៃជម្រើសទីពីរនេះហើយ ទើបទីផ្សារភាគហ៊ុនត្រូវបានបង្កើតឡើង។
តាមពិតទៅ បើតាមប្រវត្តិផ្សារភាគហ៊ុន ផ្សារភាគហ៊ុន Amsterdam Stock Exchange ត្រូវបានបង្កើតឡើងតាំងពីឆ្នាំ១៦០២ ដោយក្រុមហ៊ុន Dutch East India Company។
ចំពោះការចាត់ចំណាត់ថ្នាក់ទីផ្សារភាគហ៊ុនវិញ គឺគេអាចធ្វើបានដោយផ្អែកលើកត្តាមួយចំនួនដូចជាចំនួនក្រុមហ៊ុន ដែលបានចុះបញ្ជីនៅក្នុងទីផ្សារ ចំនួនមូលធននីយកម្មទីផ្សារ (Market Capitalization) និងការបានផលត្រឡប់វិញនៅពេលចុងឆ្នាំ។
ថ្ងៃនេះ TheBNEWS សូមបង្ហាញទីផ្សារភាគហ៊ុនធំជាងគេបំផុតលើលោកចំនួន ១០ ជូនមិត្តអ្នកអាន៖
១ ផ្សារភាគហ៊ុន New York Stock Exchange (NYSE)
NYSE មានទីតាំងស្ថិតនៅ Wall Street ជាតំបន់សេដ្ឋកិច្ចនៅក្រុងញូវយ៉ក ហើយត្រូវបានបង្កើតនៅឆ្នាំ១៧៩២។ ខុសពី NASDAQ ដែលសម្បូរទៅដោយប្រតិបត្តិការលក់ទិញភាគហ៊ុនដោយផ្ទាល់ ចំពោះ NYSE គឺសម្បូរប្រតិបត្តិការតាមប្រព័ន្ធអេឡិចត្រូនិក ដែលត្រូវបានគេចាត់ទុកថា ធំជាងគេបំផុតក្នុងពិភពលោក។ មូលធននីយកម្មទីផ្សារ (Market Capitalization) នាពេលបច្ចុប្បន្នរបស់ NYSE នេះវិញគឺមានជាង ១៤ ០០០ ពាន់លានដុល្លារ ហើយផ្សារនេះបើកប្រតិបត្តិការនៅចន្លោះពីម៉ោង ៩ និង៣០នាទីព្រឹក ដល់ម៉ោង ៤ល្ងាច។
២ ផ្សារភាគហ៊ុន NASDAQ (NASDAQ Stock Exchange)
ផ្សារភាគហ៊ុននេះត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៧១ និងមានទីតាំងនៅទីក្រុងញូវយ៉ក ហើយជាផ្សារភាគហ៊ុនធំបំផុតទីពីរនៅអាមេរិកខាងជើង។ NASDAQ មានពាក្យថា National Association of Securities Dealers Quotations។ មូលធននីយកម្មទីផ្សារ (Market Capitalization) នាពេលបច្ចុប្បន្នរបស់ NASDAQ នេះវិញគឺមានជាង ៤ ៥០០ ពាន់លានដុល្លារ ហើយផ្សារនេះបើកប្រតិបត្តិការនៅចន្លោះ ម៉ោង ៩និង៣០នាទីព្រឹក ដល់ម៉ោង ៤ល្ងាច។
៣ ផ្សារភាគហ៊ុនតូក្យូ (Tokyo Stock Exchange) ឬ (TSE)
ផ្សារភាគហ៊ុនតូក្យូ គឺជាផ្សារភាគហ៊ុនធំបំផុតទីបីនៅលើពិភពលោក និងជាផ្សារភាគហ៊ុនធំបំផុតនៅទ្វីបអាស៊ី។ ផ្សារនេះត្រូវបានបង្កើតឡើងនៅឆ្នាំ១៨៧៨ ហើយមានក្រុមហ៊ុនជាង ២០០០បានចុះបញ្ជីនាពេលបច្ចុប្បន្ន។ ចំពោះមូលធននីយកម្មទីផ្សាររបស់ទីផ្សារមួយនេះ គឺមានចំនួន ៣ ៣០០ពាន់លានដុល្លារ ហើយបើកប្រតិបត្តិការពីម៉ោង ៩ព្រឹកដល់ម៉ោង ៣រសៀល។
៤ ផ្សារភាគហ៊ុនក្រុងឡុងដ៍ (London Stock Exchange)
ផ្សារភាគហ៊ុនក្រុងឡុងដ៍ជាផ្សារភាគហ៊ុនមួយក្នុងចំណោមផ្សារ ភាគហ៊ុនចាស់ជាងគេបំផុតនៅក្នុងពិភពលោកដែលត្រូវបានបង្កើតឡើង នៅឆ្នាំ១៨០១។ បច្ចុប្បន្នមានក្រុមហ៊ុនជិត ៣ ០០០មកពីបណ្ដាប្រទេសផ្សេងៗបានចុះបញ្ជីនៅក្នុងផ្សារនេះ។ ផ្សារភាគហ៊ុនដ៏ចាស់ជាងគេមួយនេះ មានមូលធននីយកម្មទីផ្សារប្រមាណ ៣ ៣៩៦ពាន់លានដុល្លារ ហើយបើកប្រតិបត្តិការពីម៉ោង ៨ព្រឹក ដល់ម៉ោង ៤និង៣០នាទីល្ងាច។
៥ ផ្សារភាគហ៊ុនហុងកុង (Hong Kong Stock Exchange)
នៅឆ្នាំ២០១១ ផ្សារភាគហ៊ុនមួយនេះគឺស្ថិតនៅចំណាត់ថ្នាក់ទី៦ ផ្អែកទៅលើចំនួនមូលធននីយកម្មទីផ្សារ។ មកដល់ដើមឆ្នាំ២០១៤នេះ ផ្សារភាគហ៊ុនហុងកុងបានរំកិលមកចំណាត់ថ្នាក់ទី៥ វិញ។ មានក្រុមហ៊ុន ១ ៤៧០ បានចុះបញ្ជីនៅក្នុងផ្សារមួយនេះ។ វាជាផ្សារភាគហ៊ុនធំបំផុតនៅចិន។ ពីដំបូងឡើយ ផ្សារភាគហ៊ុនហុងកុង ត្រូវបានដាក់ឈ្មោះ Association of Brokersនៅទីក្រុងហុងកុងនៅឆ្នាំ១៨៩១។ ប៉ុន្តែក្រោយមក គេបានប្ដូរដាក់ឈ្មោះជាផ្សារភាគហ៊ុនហុងកុងវិញនៅឆ្នាំ១៩១៤។ មូលធននីយកម្មទីផ្សាររបស់ផ្សារភាគហ៊ុនហុងកុងនេះ មានចំនួន ២ ៨៣១ ពាន់លានដុល្លារ និងបើកប្រតិបត្តិការពីម៉ោង៩និង១៥នាទីព្រឹកដល់ម៉ោង៤ល្ងាច។
៦ ផ្សារភាគហ៊ុនក្រុងស៊ាងហៃ (Shainghai Stock Exchage)
នេះជាផ្សារភាគហ៊ុនធំបំផុតទីបីនៅទ្វីបអាស៊ី និងធំបំផុតទីពីរនៅសាធារណរដ្ឋប្រជាមានិតចិន ហើយផ្សារនេះត្រូវបានបង្កើតនៅឆ្នាំ១៩៩០។ មូលធននីយកម្មទីផ្សាររបស់ផ្សារភាគហ៊ុនស៊ាងហៃបច្ចុប្បន្នមាន ចំនួន ២ ៥៤៧ ពាន់លានដុល្លារ ហើយបានបើកប្រតិបត្តិការចាប់ពីម៉ោង ៩និង៣០នាទីព្រឹក ដល់ម៉ោង ៣រសៀល។
៧ ផ្សារភាគហ៊ុនតូរ៉ុនតូ (Toronto Stock Exchange)
ផ្សារភាគហ៊ុនតូរ៉ុនតូ ត្រូវបានបង្កើតឡើងដោយក្រុមហ៊ុន TMX Group of Canada ហើយមានទីតាំងនៅទីក្រុងតូរ៉ុនតូប្រទេសកាណាដា។ ផ្សារនេះត្រូវបានបង្កើតនៅឆ្នាំ១៨៥២ ដោយសមាគមឈ្មួញកណ្ដាល និងជាទីផ្សារភាគហ៊ុនធំបំផុតទី ៧នៅក្នុងពិភពលោក។ បច្ចុប្បន្ននេះមូលធននីយកម្មទីផ្សាររបស់ទីផ្សារនេះមានចំនួន ២ ០៥៨ ពាន់លានដុល្លារ ហើយបើកប្រតិបត្តិការនៅម៉ោង ៩និង៣០នាទីព្រឹក ដល់ម៉ោង ៤ល្ងាច។
៨ ផ្សារភាគហ៊ុន Deutsche Borse Stock Exchange
ជាផ្សារភាគហ៊ុនរបស់អាល្លឺម៉ង់ដែលស្ថិតនៅទីក្រុង Frankfurt។ ផ្សារនេះមានក្រុមហ៊ុនជិត ៧៦៥បានចុះបញ្ជី ហើយត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៩៤។ វាមានសាខានៅតាមប្រទេសមួយចំនួនដូចជាប្រទេសលុចហ្សំបួរ ប្រទេសស្វីស និងប្រទេសឆែកជាដើម។ បច្ចុប្បន្ននេះ មូលធននីយកម្មទីផ្សាររបស់ផ្សារភាគហ៊ុន Deutsche Borse គឺមានចំនួន ១ ៤៨៦ ពាន់លានដុល្លារ និងបើកប្រតិបត្តិការពីម៉ោង ៨ព្រឹក ដល់ម៉ោង ១០យប់។
៩ ផ្សារភាគហ៊ុន Australian Securities Exchange
ផ្សារភាគហ៊ុននេះត្រូវបានបង្កើតនៅឆ្នាំ១៨៦១ នៅទីក្រុងម៉ែលប៊ឺន ប្រទេសអូស្ត្រាលី។ បន្ទាប់មកផ្សារនេះបានការផ្លាស់ប្ដូរជាច្រើនដង នៅសតវត្សរ៍ទី១៩ ដោយទីបំផុតផ្សារនេះត្រូវបានបង្កើតឡើងនៅឆ្នាំ២០០៦ ជាផ្លូវការដោយការបញ្ចូលគ្នារវាងផ្សារហ៊ុន Australian Stock Exchange និងផ្សារហ៊ុន Sydney Future Exchange។ ផ្សារភាគហ៊ុននេះមានមូលធននីយកម្មទីផ្សារចំនួន ១ ៣៨៦ ពាន់លានដុល្លារ ហើយការកំណត់ពេលប្រតិបត្តិការ គឺពីម៉ោង ៩និង៥០នាទីព្រឹក ដល់ម៉ោង ៤និង១២នាទីល្ងាច។
១០ ផ្សារភាគហ៊ុន Bombay Stock Exchange
នេះក៏ជាផ្សារភាគហ៊ុនដែលចាស់ជាងគេបំផុតនៅក្នុងពិភពលោក មួយដែរ។ ផ្សារនេះត្រូវបានបង្កើតឡើងនៅឆ្នាំ១៨៥០។ ផ្សារហ៊ុននេះ មានក្រុមហ៊ុនច្រើនបំផុតនៅទូទាំងពិភពលោករហូតដល់ចំនួនជាង ៤៩០០ក្រុមហ៊ុនដែលបានចុះបញ្ជីជាមួយ Bombay Stock Exchange។ សព្វថ្ងៃនេះ មូលធននីយកម្មទីផ្សាររបស់ផ្សារហ៊ុន BSE មានចំនួន ១ ២៦៣ ពាន់លានដុល្លារ ហើយបើកប្រតិបត្តិការនៅម៉ោង ៩និង ១៥នាទី ដល់ម៉ោង ៣ និង៣០នាទីរសៀល៕
ប្រែសម្រួលដោយ៖ ប៉ិច ស៊ីនួន
ប្រភព៖ forbes
Post a Comment