BREAKING NEWS
the khmer news online

ព័ត៌មានសេដ្ឋកិច្ច

ព័ត៌មានពិភពលោក

a

Friday, January 9, 2015

៦ ចំណុច​ដែល​លោក​​អ្នក​មិន​បាន​ដឹង​ពី​​ក្រុម​ប្រទេស​ G7


១) តើ​​អ្វី​ទៅ​ G7?
G7 ឬ Group of 7 គឺសំដៅលើក្រុមប្រទេសចំនួន៧ដែល​ជា​មហាអំណាច​​សេដ្ឋកិច្ច​ជឿនលឿន និង ខ្លាំងក្លា​ជាងគេ​បំផុត​នៅ​លើ​ពិភពលោក។ បង្កើត​ឡើង​តាំង​ពី​ឆ្នាំ ១៩៧៥ គេ​ក៏​អាច​ហៅ​ម្យ៉ាង​ទៀត​ថា ជា​​ក្រុម​ប្រទេស​​អភិវឌ្ឍ​មាន​ជាងគេ​បំផុត​នៅ​លើ​ពិភពលោក​ផង​​ដែរ។

២) តើ​ប្រទេស​ណា​ខ្លះ​ជា​សមាជិក G7?
ប្រទេស​ជា​សមាជិក G7 រួមមាន​ អាមេរិក បារាំង កាណាដា អាល្លឺម៉ង់ អ៊ីតាលី ជប៉ុន និង អង់គ្លេស ។

៣) តើ​អ្វី​ទៅ​ជា​មុខងារ​​សំខាន់​របស់​ក្រុម​ប្រទេស G7?
​ការ​បង្កើត​​​ក្រុម​ប្រទេស G7 ​ជា​លើក​ដំបូង គឺ​ដើម្បី​ជួយ​សម្រួល​ឲ្យ​មាន​​គំនិត​ផ្ដួចផ្ដើម​ចែក​រំលែក​គោលនយោបាយ​​ ម៉ាក្រូសេដ្ឋកិច្ច​ក្នុង​ចំណោម​ប្រទេស​ជា​សមាជិក​​​ក្នុង​ការ​ឆ្លើយតប​ទៅ​ នឹង​ការ​ដួល​រលំ​នៃ​អត្រា​ប្ដូរប្រាក់​នៅ​ក្នុង​ឆ្នាំ ១៩៧១ (Nixon Shock) និង វិបត្តិសេដ្ឋកិច្ច​ក្នុង​កំឡុង​ពេល​នោះ​។

G7 មាន​​មុខងារ​ក្នុង​ការ​​សម្រប​កែតម្រូវ​សេដ្ឋកិច្ច​ក្នុង​រយៈ​ពេល​ខ្លី​ ក្នុង​ចំណោម​ប្រទេស​ជា​សមាជិក ដើម្បី​ជំរុញ​ឲ្យ​មាន​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​សាកលលោក​ និង វាយតម្លៃ​​គោលនយោបាយ​សេដ្ឋកិច្ច។

G7 ​ក៏​មាន​តួនាទី​ផង​ដែរ​ក្នុង​ការ​ដោះស្រាយ​បញ្ហា​វិបត្តិសេដ្ឋកិច្ច បញ្ហា​ហិរញ្ញវត្ថុ និង ​បញ្ហា​ផ្សេងៗ​ជា​ច្រើន​ទៀត​ដែល​មាន​នៅ​ក្នុង​ចំណោម​​បណ្តា​ប្រ​ទេស​​ ឧស្សាហកម្ម​ជឿនលឿន​មក​ពី​ជុំវិញ​ពិភពលោក។​

៤) តើ​សេដ្ឋកិច្ច​របស់​ក្រុម​ប្រទេស G7 មាន​ទំហំ​ប៉ុន្មាន?
យោង​តាម​របាយការណ៍ Credit Suisse Global Wealth Report បាន​វាយតម្លៃ​ថា ​ទំហំ​សេដ្ឋកិច្ច​របស់​​​ក្រុម​ប្រទេស G7 មាន​ចំនួន​ស្មើ​នឹង​ ៦៤% នៃ​​​ទំហំ​សេដ្ឋកិច្ច​ពិភពលោក ឬ ស្មើ​នឹង ២៦៤ ពាន់​ពាន់​លាន​ដុល្លារ​។

៥) តើ​ក្រុម​ប្រទេស​ G7 មាន​ប្រជាជន​ប៉ុន្មាន​លាន​នាក់?
គិត​មក​ដល់​ឆ្នាំ ២០១៤ នេះ ក្រុម​ប្រទេស G7 មាន​ប្រជាជន​ជាង ៧៥០ លាន​នាក់​ហើយ។


៦) តើ​​​​​សមាជិក​ G7 និង G8 ខុសគ្នា​​ដូចម្តេច​ទៅ?

តាម​ពិត​ទៅ​​​ក្រុម​ប្រទេស G8 គឺ​កើត​ចេញ​មក​ពី​ប្រទេស G7 បូក​នឹង​ប្រទេស​រុស្ស៊ី​មួយ​ទៀត​ដែល​បាន​ចូល​ជា​សមាជិក​នៅ​ក្នុង​ឆ្នាំ​ ១៩៩៨ បង្កើត​បាន​ជាង G8។ ប៉ុន្តែ កៅអី​របស់​រុស្ស៊ី​ត្រូវ​បាន​បោះឆ្នោត​​ព្យួរ​​​ជា​បណ្ដោះអាសន្ន​ដោយ​សមាជិក G7 ​នៅ​ថ្ងៃទី ២៤ មិនា ឆ្នាំ ២០១៤ កន្លង​ទៅ​នេះ​ក្រោយ​​រដ្ឋាភិបាល​លោក​ពូទីន​ចូល​កាន់កាប់​តំបន់ Crimea របស់​អ៊ុយក្រែន៕


ប្រែសម្រួល៖ ខេវិន

ប្រភព៖​ investopedia & dailymail& wikipedia

Post a Comment

 
Copyright © 2013 The Khmer News Online
The News in Cambodia.